Blogroll

Thursday, November 15, 2012

ស្វែងយល់ស៊ីជម្រៅពីបច្ចេកវិជ្ជា Wi-Fi Direct

លោកអ្នកពិតជាធ្លាប់បានស្គាល់រួចមកហើយពីប្រព័ន្ធច្ចេកវិជ្ជាដែលមាននៅក្នុងទូរស័ព្ទសម្រាប់ធ្វើការបញ្ជូនទិន្នន័យ ដូចជា Bluetooth ឬ NFC ជាដើម។ ប៉ុន្ដែពេលនេះ យើងខ្ញុំសូមណែនាំ នូវប្រព័ន្ធបច្ចេកវិជ្ជាថ្មីមួយទៀត ដែលអាចឱ្យលោកអ្នកធ្វើការបញ្ជូនទិន្នន័យ ទៅកាន់ឧបករណ៍​ដទៃ បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្តថែមទៀតផង។ ម្យ៉ាងទៀត ប្រព័ន្ធថ្មីនេះ មានមុខងារច្រើនយ៉ាង សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់​នាពេលបច្ចុប្បន្នផងដែរ ដោយវាមានបំពាក់ជាមួយឧបករណ៍ផ្សេងៗជាច្រើន និងមានសមត្ថភាពដូចជា អាចប្រើប្រាស់ដើម្បីបោះពុម្ពឯកសារ ផ្ទេរឯកសារ និងអាចចែករំលែករូបភាពលើអេក្រង់ ពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយទៀត បានយ៉ាងងាយផងដែរ។ ដូច្នេះ ដើម្បីឱ្យមិត្តអ្នកអាន​ជ្រាបកាន់តែច្បាស់សូមអនុញ្ញាតឱ្យយើងខ្ញុំ បានបង្ហាញជូនដូចតទៅ៖
តើ Wi-Fi Direct ជាអ្វី?
 Wi-Fi Direct គឺជាប្រព័ន្ធបច្ចេកវិជ្ជាថ្មីមួយត្រូវបានបង្កើតឡើងដោយសហព័ន្ធ Wi-Fi Alliance ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការ ចែករំលែករាល់ឯកសារផ្សេងៗទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់តាមរយៈឧបករណ៍ 2 ឬច្រើនដែលមានបំពាក់ប្រព័ន្ធ Wi-Fi Direct ដោយមិនចាំបាច់ប្រើប្រាស់ Wireless access point (បណ្តាញអ៊ិនធើណែតឥតខ្សែ) ឡើយ។ បន្ថែមពីនេះ វាក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់​ថែមទៀតផង ដោយវាមានមុខងារស្រដៀងគ្នាទៅនឹងប្រព័ន្ធ Bluetooth ដែរ ហើយវាមាន ភ្ជាប់មកស្រាប់ជាមួយនឹងឧបករណ៍មួយចំនួនដូចជាៈ កុំព្យូទ័រ ម៉ាស៊ីន Print ទំនើបៗ ឧបករណ៍ស្ដាប់តន្ត្រី កាមេរ៉ា ទូរទស្សន៍ Tablet និងទូរស័ព្ទ Smartphone មួយចំនួន។
របៀបដំណើរការរបស់ប្រព័ន្ធ Wi-Fi Direct
ចំណុចដ៏សំខាន់របស់ប្រព័ន្ធ Wi-Fi Direct គឺវាបំពាក់នូវប្រព័ន្ធកម្មវិធី Soft AP ដែលវាមាននៅក្នុងឧបករណ៍ទាំងឡាយណាដែលមាន បំពាក់ប្រព័ន្ធ Wi-Fi Direct​ ហើយ Soft AP នេះ បានផ្តល់នូវមធ្យោបាយថ្មីមួយទៀតសម្រាប់ការពារប្រព័ន្ធ Wi-Fi ក្នុងពេលតភ្ជាប់ ឬដំឡើង ដោយវាមានជាប៊ូតុង Push ឬទាមទារឱ្យបញ្ចូលលេខ PIN កូដ នៅរាល់ឧបករណ៍នានាជាមុន មុននឹងអាចភ្ជាប់បញ្ជូនទិន្នន័យបាននោះ។ Soft AP អាចជាប្រព័ន្ធកម្មវិធីធម្មតា ហើយក៏មានលក្ខណៈសាំញ៉ាំមួយផងដែរ សម្រាប់ប្រព័ន្ធ​ Wi-Fi Direct​ ព្រោះវាមានមុខងារប្រើប្រាស់ជាមួយនឹងឧបករណ៍ច្រើនយ៉ាង ដូចជា ប្រើប្រាស់ជាមួយកាមេរ៉ាសម្រាប់ធ្វើការ Upload រូបភាពដែល បានថតហើយទៅកាន់បណ្ដាញអ៊ីនធើណែត និងប្រើប្រាស់ជាមួយទូរស័ព្ទប្រភេទ Smartphone សម្រាប់ចម្លងឯកសារទៅកាន់ទូរស័ព្ទប្រភេទ Smartphone ដទៃ ឬភ្ជាប់ទៅកាន់ទូរទស្សន៍ និងម៉ាស៊ីន Print ជាដើម។ បើយោងតាមសម្ដីរបស់លោក Greg Ennis នាយកគ្រប់គ្រងសហព័ន្ធ Wi-Fi Alliance បានឲ្យដឹងថា ប្រព័ន្ធ Wi-Fi Direct នេះ គឺងាយស្រួលក្នុងការប្រើប្រាស់ និងលឿនរហ័សទាន់ចិត្តផងដែរ ដោយវាអាចធ្វើការ បញ្ជូនទិន្នន័យពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយទៀត ក្នុងកម្រិតល្បឿន 250 Megabits ក្នុង 1 វិនាទី។ លើសពីនេះ វាក៏មានល្បឿនបញ្ជូន ទិន្នន័យរហ័សជាងប្រព័ន្ធ Bluetooth និងអាចធ្វើការបញ្ជូនទិន្នន័យក្នុងរយៈចង្ងាយ 200 ម៉ែត ដែលប្រព័ន្ធ Bluetooth អាចបានត្រឹមតែ 30 ម៉ែត្រ ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់នូវប្រព័ន្ធ Miracast ដែលជាបច្ចេកវិជ្ជាចុងក្រោយរបស់សហព័ន្ធ Wi-Fi Alliance ដែលអាចឱ្យឧបករណ៍ ដែលមានប្រព័ន្ធ Wi-Fi Direct អាចធ្វើការចែករំលែកអេក្រង់ (Share Screen) ទៅកាន់ឧបករណ៍ដទៃទៀតដូចជា អាចធ្វើការចែក រំលែកអេក្រង់ទូរស័ព្ទ Smartphone ទៅកាន់ឧបករណ៍ Tablet ឬទូរទស្សន៍ជាដើម។
គុណសម្បត្តិរបស់ប្រព័ន្ធ Wi-Fi Direct
ប្រសិនបើលោកអ្នកធ្លាប់បានប្រើប្រាស់នូវប្រព័ន្ធមួយនេះ លោកអ្នកប្រាកដជាបានជ្រាបច្បាស់ជាមួយគុណសម្បត្តិរបស់វា។ តួយ៉ាងដូចជា វាមានភាពងាយស្រួលក្នុងការប្រាស់ និងមានកម្រិតល្បឿននៃការបញ្ជូនទិន្នន័យលឿន រហ័សទាន់ចិត្តក្នុងគឺរហូតដល់ 250 Megabits ក្នុង 1 វិនាទី ឯណោះ។ លើសពីនេះ វាអាចដើរតួច្រើនយ៉ាងដែលក្នុងនោះរួមមាន អាចបញ្ជូនទិន្នន័យ អាចបោះពុម្ពឯកសារពីក្នុងទូរស័ព្ទតាមរយៈម៉ាស៊ីន Print ពីចម្ងាយ និងអាចធ្វើការចែករំលែករូបភាពនៅលើអេក្រង់ (Share Screen) បានយ៉ាងងាយស្រួលផងដែរ។ ម្យ៉ាងទៀត លោកអ្នកក៏អាចធ្វើការ បញ្ជូនទិន្នន័យក្នុងកម្រិតចម្ងាយរហូតដល់ 200 ម៉ែត្រផងដែរ។ ដូច្នេះ ទោះបីជាលោកអ្នកស្ថិតនៅឆ្ងាយពីគ្នាបន្តិចក្ដី ក៏អាចធ្វើការបញ្ជូនទិន្នន័យឱ្យគ្នា ទៅវិញទៅមកបានយ៉ាងស្រួល និងរហ័សទាន់ចិត្ត។

No comments:

Post a Comment

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree