Blogroll

Tuesday, October 23, 2012

ស្វែងយល់ពីបច្ចេកវិជ្ជាឧបករណ៍ Wireless Charging

Wireless Charging គឺជាបច្ចេកវិជ្ជាថ្មីមួយ ដែលអាចឲ្យលោកអ្នកធ្វើការសាក ថ្មទូរស័ព្ទតាមរយៈ ឧបករណ៍មានបំពាក់បច្ចេកវិជ្ជា Qi ចំនួន ដោយមិនចាំបាច់ប្រើប្រាស់ឌុយសាកឡើយ។ លើសពីនេះ វាក៏កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ហើយវាក៏ត្រៀមនឹងដាក់ឲ្យចរាចរលើទីផ្សារក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។ បច្ចេកវិជ្ជាថ្មីនេះ អាចដំណើរការជាមួយទូរស័ព្ទ Nokia 2 ម៉ូដែល គឺ Lumia 820 និង Lumia 920 ដែលជាប្រភេទម៉ូដែលថ្មីបំផុតរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Nokia  ដូច្នេះ ដើម្បីជ្រាបច្បាស់ពីដំណើរការ គុណសម្បត្តិ គុណវិបត្តិ និងប្រភេទឧបករណ៌ដែលបំពាក់ បច្ចេកវិជ្ជាថ្មីនេះ ទស្សនាវដ្តី ទូរស័ព្ទ សូមបង្ហាញជូនមិត្តអ្នកអានដូចតទៅ៖
ដំណើរការរបស់ឧបករណ៍ Wireless Charging 
Wireless Charging ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ជាមួយមាត្រដ្ឋាននៃបច្ចេកវិជ្ជា Qi ដែលអាចធ្វើការផ្ទេរចរន្ដចេញពីបន្ទះ Wireless Charging ចូលទៅកាន់ទូរស័ព្ទដៃបាន តាមរយៈឧបករណ៍ដែលបានភ្ជាប់បន្ទះ Wireless Charging ដូចជា ឧបករណ៍បំពងសំឡេងសេរី JBL PowerUp, ខ្នើយសាកថ្ម Fatboy និងកាសស្ដាប់ត្រចៀក Purity Pro Stereo ជាដើម។ល។ រហូតមកទល់បច្ចុប្បន្ន មានក្រុមហ៊ុនប្រមាណជា 100 នៅទូទាំងពិភពលោកបាននឹងកំពុងប្រើប្រាស់បច្ចេកវិជ្ជា Qi នេះ។ ដូច្នេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមលោកអ្នកមើលរូបភាពខាងក្រោម ដែលបង្ហាញពីដំណើរការរបស់ឧបករណ៍ Wireless Charging ដោយ L1 តំណាងភ្នាសព័ទ្ធជុំវិញបន្ទះ Wireless Charging ឬហៅថាអ្នកបញ្ជូនចរន្ដ (Transmitter) និង L2 តំណាងទូរស័ព្ទ Nokia Lumia 820 ឬ Lumia 920 ឬហៅថាអ្នកទទួលចរន្ដ (Receiver) ដែលបានដាក់នៅលើឧបករណ៍ Wireless Charging ហើយបន្ទាប់ពីមានចរន្ដអគ្គិសនីចូលមកនៅក្នុងឧបករណ៍នោះ បន្ទះ Wireless Charging នឹងធ្វើការបំប្លែង ហើយផ្ទេរចរន្ដឲ្យចូលទៅក្នុងទូរស័ព្ទតែម្តង។
គុណសម្បត្តិរបស់ឧបករណ៍ Wireless Charging 
ជាមួយនឹងបច្ចេកវិជ្ជាថ្មីមួយនេះ គឺពិតជាមិនធ្វើឲ្យលោកអ្នកខកចិត្តក្នុងការប្រើប្រាស់ឡើយ ដោយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ គ្រាន់តែដាក់ទូរស័ព្ទដៃទៅប៉ះនឹងឧបករណ៍ណាមួយ​​ដែលមានបំពាក់ Wireless Charging បន្ទាប់មក វានឹងបន្លឺសំឡេងឡើងដោយបញ្ជាក់ថា ទូរស័ព្ទកំពុងតែសាកថ្ម ហើយលោកអ្នកអាចបន្ដធ្វើការបានយ៉ាងងាយស្រួល នឹងពុំមានក្ដីបារម្ភឡើយ។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយគ្រោះថ្នាក់​នៃការឆក់ចរន្តអគ្គីសនី​​ និងមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស ឬសត្វឡើយ។ បន្ថែមពីនេះ ក្រុមហ៊ុន ទូរស័ព្ទចល័ត Nokia ក៏បានចាប់ដៃគូ​ជាមួយបណ្ដាហាងកាហ្វេផ្សេងៗក្នុងសហរដ្ឋអាមេរិច ដើម្បីបំពាក់បច្ចេកវិជ្ចានេះនៅតាមតុកាហ្វេសម្រាប់​បម្រើសេវាកម្មជូនដល់អតិថិជនរបស់​ខ្លួនផងដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុនក៏មានគម្រោងដាក់ដំណើរការវានៅគ្រប់ហាងទូទាំងពិភពលោក គឺមិនមែនត្រឹមតែហាងកាហ្វេនោះទេ។
គុណវិបត្តិរបស់ឧបកណ៍ Wireless Charging
ទទឹមនឹងភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានរូបរាងស្រស់ស្អាត ព្រមទាំងមានមុខងាផ្សេងៗគ្នានោះ វាក៏បានបង្កនូវគុណវិបត្តិមួយចំនួនដល់អ្នកប្រើប្រាស់ផងដែរ។ តួយ៉ាងដូចជា វាអាចមានកម្ដៅក្ដៅតិចៗចំពោះទូរស័ព្ទ និងឧបករណ៍នៅពេលកំពុងសាក ហើយចំណាយពេលវេលាយូរជាងការសាកថ្មដោយប្រើប្រាស់ឌុយសាកធម្មតា។ ម្យ៉ាងទៀត វាក៏មានតម្លៃខ្ពស់ គូរសមផងដែរ ដោយសារតែ វាអាចប្រើប្រាស់បានមុខងារពីរយ៉ាង ដូចជា ឧបករណ៍បំពងសំឡេងសេរី JBL PowerUp​ និងកាសស្ដាប់ត្រចៀក Purity Pro Stereo ដែលអាចប្រើប្រាស់សម្រាប់ស្ដាប់តន្រ្ដី និងអាចសាកថ្មទូរស័ព្ទបានផងដែរ។
ឧបករណ៍ដែលបំពាក់ដោយបច្ចេកវិជ្ជា Wireless Charging
Wireless Charging ត្រូវបានរចនាឡើងយ៉ាងពិសេសសជាមួយរូបរាង និងមានពណ៌ស្រស់ឆើតឆាយ ដែលពិតជាធ្វើឲ្យមានភាពទាក់ទាញ​ពីសំណាកអ្នកប្រើប្រាស់គ្រប់ៗរូប។ មិនតែប៉ុណ្ណោះ វាក៏មានមុខងារប្រើប្រាស់ខុសៗគ្នាផងដែរ ក្នុងនោះមានដូចជា ខ្នើយសាកថ្ម Fatboy ទម្រសម្រាប់បញ្ជូលថ្ម Charging Plate DT 900, Charging Stand DT 910 កាសស្ដាប់ត្រចៀក Purity Pro Stereo និងកាស Bluetooth Luna ព្រមទាំងឧបករណ៍បំពងសំឡេងសេរី JBL PowerUp និង JBL PlayUp Portable ហើយរាល់ឧបករណ៍ទាំងអស់នេះ គឺត្រូវបានផលិតឡើង សម្រាប់តែទូរស័ព្ទ Nokia ម៉ូដែល Lumia 820 និង Lumia 920 តែប៉ុណ្ណោះ។ ដោយឡែក ក្រុមហ៊ុនទូរស័ព្ទធំៗដ៏ទៃទៀត ដូចជា Apple និង Samsung ជាដើមនោះ ក៏បាននឹងកំពុងតែត្រៀមយកបច្ចេកវិជ្ជាថ្មីនេះ បំពាក់លើទូរស័ព្ទម៉ូដែលថ្មីៗរបស់ខ្លួនផងដែរ។

No comments:

Post a Comment

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree