Blogroll

Thursday, November 22, 2012

ធ្វើខ្លួនកាន់តែលេចធ្លោជាមួយ Sony Xperia Miro

ការរចនា និងអេក្រង់
ទូរស័ព្ទ Sony Xperia Miro ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងស្រស់ស្អាត និងមាន 4 ពណ៌ឱ្យជ្រើសរើសមានដូចជា ពណ៌ខ្មៅ សលាយទឹកប្រាក់ ពណ៌សលាយមាស និងពណ៌ស្វាយលាយខ្មៅ។ បើក្រឡេកមើលចំពីលើនៃទូរស័ព្ទ លោកអ្នកនឹងឃើញរន្ធដោតកាសស្ដាប់ ត្រចៀកមួយ និងមានប៊ូតុងបិទ ឬចាក់សោរ​ (Power/Unlock) មួយទៀតនៅក្បែរនោះផងដែរ។ រីឯនៅផ្នែកខាងក្រោមនៃអេក្រង់វិញ មាន រំលេចនូវរូប ប៊ូតុងចុច 3 គឺ Back, Home និង Menu ហើយនៅពេលដែលចុចទូរស័ព្ទដោះសោរលោកអ្នក នឹងឃើញពន្លឺមួយស្ថិតនៅផ្នែកខាង ក្រោមចំកណ្ដាលនៃប៊ូតុងទាំងបីនោះផងដែរ។ នៅចំពីមុខផ្នែក ខាងលើនៃអេក្រង់ គឺមានបំពាក់កាមេរ៉ាមុខដែលស្ថិត នៅជាប់នឹង​រន្ធបញ្ចេញ សំឡេងក្បែរនោះ។ ចំណែកនៅគែមសងខាងវិញ គឺមាន​ភ្ជាប់ប៊ូតុងសំឡេងនៅខាងស្ដាំ និងមានរន្ធដោត​ USB នៅខាងឆ្វេង។ ចំពោះផ្នែកខាង ក្រោយវិញ មានបំពាក់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល ដែលស្ថិតនៅជាប់នឹងពិល Flash នៅក្បែរនោះផងដែរ។ បើយើងធ្វើការត្រួតពិនិត្យផ្ទៃ អេក្រង់របស់ទូរស័ព្ទ Smartphone ម៉ូដែលថ្មីនេះ ឃើញថា អេក្រង់គឺត្រូវបានផលិតឡើងពីសារធាតុម្យ៉ាងដែលធន់ទៅនឹងការកោសឆ្កូត និង រំលេចនូវពន្លឺភ្លឺរលើបរលោង ព្រមទាំងងាយស្រួលក្នុងការប៉ះថែមទៀតផង។
ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ Android v4.0 ICS គឺជាជំនាន់ប្រព័ន្ធប្រតិបត្តិការថ្មីមួយផងដែរ បន្ទាប់ពី Android v4.1 Jelly Bean ដូច្នេះ សមត្ថភាព របស់ក្នុងការដំណើរការនៅលើទូរស័ព្ទ Sony Xperia Miro ក៏មិនអន់ប៉ុន្មានដែរ។ លោកអ្នកអាច Download ហ្គេម 3D ឬ HD និងកម្មវិធីថ្មី ទំនើបៗ មកដំឡើងនៅលើវាបានដោយសេរី ព្រោះវាអាចដំណើរការបានយ៉ាងរលូន គ្មានការរអាក់រអួលនោះទេ។ បន្ថែមពីនេះ ទូរស័ព្ទ Sony Xperia Miro ក៏មានភ្ជាប់មកជាមួយនូវកម្មវិធីល្អៗជាច្រើន ដូចជា Power Saver អាចឱ្យលោកអ្នកធ្វើការបន្ថែមបន្ថយនូវពន្លឺ អេក្រង់ដែលជួយកាត់បន្ថយ និងសន្សំសំចៃថាមពលថ្មទៀតផង។ លើលពីនេះទៀត វាក៏មាន Recommender app សម្រាប់ឱ្យលោកអ្នក ស្វែងរក និង Download ហ្គេម និងកម្មវិធីថ្មី ដែលមាននៅក្នុង Play Store បានយ៉ាងងាយស្រួល។ មួយវិញទៀត គឺ Smart Connect app គឺជាប្រព័ន្ធ កម្មវិធីមួយ អាចឱ្យលោកអ្នកបើកដំណើរការកម្មវិធីផ្សេងៗ ដោយស្វ័យប្រវត្ត ដូចជាដំណើរការកម្មវិធីចាក់បទចំរៀង WALKMAN ដោយស្វ័យប្រវត្ត ខណៈដែលដោតឌុយកាសស្ដាប់ត្រចៀកចូល និងនៅពេលដែលដោតឌុយសាកថ្ម វានឹងបន្លឺសំឡេងប្រាប់ម៉ោង (Alarm Clock) ជាដើម។
កាមេរ៉ា
រីករាយនឹងការផ្ដិតយករូបភាពច្បាស់ល្អ ជាមួយកាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងពន្លឺ Flash ភ្លឺច្បាស់ ដែលអាចឱ្យលោកអ្នក ធ្វើការថតបាននៅគ្រប់កាលៈទេសៈ ព្រមទាំងអាច ចែករំលែករូបថតដែលបានថតរួច ទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់តាមរយៈ បណ្តាញសង្គមផ្សេងៗក៏បាន។ ម្យ៉ាងទៀត វាក៏មានបន្ថែមនូវ Effect ប្លែកៗសម្រាប់ធ្វើការថត ធ្វើឱ្យរូបភាពដែលបានថតចេញមក កាន់តែមានភាពទាក់ទាញផងដែរ​ ហើយលោកអ្នកអាចធ្វើការថតបានទំហំធំបំផុត 640 x 480 ភិចសែល។
កម្មវិធីចាក់តន្ត្រី
WALKMAN គឺជាកម្មវិធីចាក់តន្រ្តីមួយដ៏ពីរោះ ដែលវាត្រូវភ្ជាប់មកជាមួយទូរស័ព្ទ Sony Xperia ម៉ូដែលថ្មីៗ ហើយនៅក្នុងនោះ ទូរស័ព្ទ Sony Xperia Miro ក៏បានភ្ជាប់មកជាមួយ នឹងកម្មវិធីថ្មីនេះផងដែរ។ នៅក្នុងកម្មវិធីនេះ លោកអ្នកអាចធ្វើការកែសម្រួលសាច់ភ្លេង ព្រមទាំងបន្ថែមសំឡេង Effect ផ្សេងៗទៅក្នុងបទចម្រៀងឱ្យកាន់តែពីរោះ និងប្លែកអារម្មណ៍ ទៀតផង។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ មានភ្ជាប់ ជាមួយ​ xLOUD ដែលអាចឱ្យលោកអ្នកធ្វើការ កែសម្រួលសាច់ភ្លេងនៅពេលដែលប្រើប្រាស់ជាមួយឧបករណ៍បំពងសំឡេងខាងក្រៅផងដែរ។
ថាមពលថ្ម
ជាមួយនឹងថាមពលថ្ម​ប្រភេទ Li-Ion 1500 mAh មានសមត្ថភាពអាចឱ្យ លោកអ្នកប្រើប្រាស់រហូតដល់រយៈ 5 ម៉ោងសម្រាប់ការ និយាយ ដោយប្រើប្រាស់ប្រព័ន្ធ 2G និងរយៈពេល 6 ម៉ោងសម្រាប់ប្រព័ន្ធ 3G។ ប៉ុន្ដែ បើលោកអ្នកប្រើសម្រាប់ ចាក់តន្ត្រីវាអាចបានរហូតដល់ ទៅ 1 ថ្ងៃកន្លះឯណោះ ហើយបើទុកចោលមិនបានប្រើប្រាស់នោះ បានរហូតដល់ 19 ថ្ងៃកន្លះសម្រាប់ប្រព័ន្ធ 2G និង 22 ថ្ងៃកន្លះសម្រាប់ប្រព័ន្ធ 3G ។
លក្ខណៈសម្បត្តិសំខាន់ៗ
ប្រព័ន្ធប្រតិបត្តិការៈ Android v4.0 ICS
ប្រព័ន្ធៈ 2G (850 / 900 / 1800 / 1900)
3G (HSDPA 900 / 2100 - ST23i)
HSDPA 850 / 1900 / 2100 - ST23a
Wi-Fi 802.11 b/g/n, Wi-Fi Direct, DLNA, Wi-Fi hotspot, Bluetooth v2.1 with A2DP
ប្រភេទអេក្រង់ៈ LED-backlit LCD, capacitive touchscreen, 16M colors
ទំហំអេក្រង់ៈ 3.5 អ៊ីង (320 x 480 ភិចសែល)
CPU: 800 MHz Cortex-A5
ប្រភេទស៊ីមកាតៈ Mini-SIM
Memory ខាងក្នុងៈ 4 GB (512 MB RAM)
Memory ខាងក្រៅៈ 32 GB
RAM: 512 GB
វិទ្យុៈ FM Stereo (RDS)
Browser: គាំទ្រ HTML5
ទំហំៈ 113 x 59.4 x 9.9 មីល្លីម៉ែត្រ
ទម្ងន់ៈ 110 ក្រាម
កាមេរ៉ាក្រោយៈ 5 មេហ្គាភិចសែល LCD Flash, Auto-focus 2592 x 1944 ភិចសែល
ឧបករណ៍វាស់ស្ទង់ៈ Accelerometer, proximity, compass
ប្រភេទថ្មៈ Li-Ion 1500 mAh
រយៈពេលទុកចោលៈ អាចដល់ 470 ម៉ោង (2G) និង 545 ម៉ោង (3G)
រយៈពេលនិយាយៈ អាចដល់ 5 ម៉ោង (2G) និង 6 ម៉ោង (3G)
រយៈពេលចាក់តន្ត្រីៈ 36 ម៉ោង 30 នាទី

Monday, November 19, 2012

ត្រឡប់មកជាមួយរូបរាងតូចច្រឡឹង និងសមត្ថភាពលើសគេ

ការរចនា និងអេក្រង់ 
ទូរស័ព្ទ Samsung Galaxy S3 mini ត្រូវបានរចនាឡើងជាមួយរូបរាងតូច ស្ដើង និងស្រាលងាយស្រួលក្នុងការកាន់ក្នុងដៃ។ បើយើង ក្រឡេកមើលនៅផ្នែកខាងលើនៃអេក្រង់ គឺមានរន្ធសំឡេងចំកណ្ដាល និងមានកាមេរ៉ាមុខមួយដែលមានឧបករណ៍វាស់ស្ទង់ (Sensor) ឋិតនៅខាង​ឆ្វេង។ រីឯគែមសងខាងវិញ មានបំពាក់ប៊ូតុង 2 ដែលនៅខាងឆ្វេងជាប៊ូតុងសំឡេង និងខាងស្ដាំជាប៊ូតុងបិទ ឬចាក់សោរ (Power/Lock)។ ចំណែកនៅចំពីលើទូរស័ព្ទ មានបំពាក់រន្ធកាសស្ដាប់ត្រចៀកមួយ និងនៅផ្នែកខាងក្រោមវិញមានបំពាក់ រន្ធសាកថ្មដែលអាចប្រើជារន្ធ USB សម្រាប់ចម្លងទិន្នន័យបាន។ ចំពោះផ្នែកខាងក្រោយវិញ មានបំពាក់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល រួមជាមួយពិល Flash ស្ថិតនៅខាងក្រោម នោះផងដែរ។ រីឯអេក្រង់វិញ គឺត្រូវបានរចនាឡើងជាមួយទំហំ 4 អ៊ីង ភ្លឺរលើបរលោង និងងាយស្រួលក្នុងការ Touch ថែមទៀតផង។ បន្ថែមពីនេះ អេក្រង់របស់ទូរស័ព្ទតូចច្រឡឹងនេះ ត្រូវបានបំពាក់បច្ចេកវិជ្ជា Super AMOLED ដែលផ្តល់ពណ៌ និងពន្លឺច្បាស់ល្អ និងអាចប្រើ​បានគ្រប់កាលៈទេសៈ។
ប្រព័ន្ធប្រតិបត្តិការ
ថ្វីបើទូរស័ព្ទម៉ូដែលថ្មីនេះ មានរូបរាងតូចបន្តិចក៏ពិតមែន ប៉ុន្ដែ សមត្ថភាពក្នុងការប្រើប្រាស់របស់វា គឺមិនចាញ់ទូរស័ព្ទ Smartphone ធំៗដទៃទៀតដែរ។ វាត្រូវបានដាក់ឱ្យដំណើរការជាមួយប្រព័ន្ធ ប្រត្តិបត្តិការ Android v4.1 Jelly Bean ដែលជាជំនាន់ ចុងក្រោយបង្អស់របស់ប្រព័ន្ធ​ប្រត្តិបត្តិការ Android រួមជាមួយ CPU ប្រភេទ Dual-Core ល្បឿន 1 GHz​ ដែលធ្វើឱ្យដំណើរការក្នុងការប្រើប្រាស់ មានល្បឿនលឿន និងអាចទ្រទ្រង់រាល់កម្មវិធីទំនើបៗ និងហ្គេមប្រភេទ 3D និង HD ថ្មីៗបានយ៉ាងងាយស្រួល។ ក្រៅពីនេះ វាក៏មាន​​ Memory ខាងក្នុងទំហំ 8 GB ឬ 16 GB និងអាចបន្ថែម Memory ខាងក្រៅបានរហូតដល់ទៅ 32 GB ទៀតផង។
កាមេរ៉ា 
ទោះបីជាទំហំកាមេរ៉ាត្រឹមតែ​ 5 មេហ្គាភិចសែលក៏ដោយ ប៉ុន្ដែ សមត្ថភាពក្នុងការផ្ដិតយករូបភាពគឺមិនចាញ់ពពួកទូរស័ព្ទ Smartphone ដទៃទៀតដែលមានកាមេរ៉ាទំហំធំឡើយ ដោយវាអាចផ្ដិយករូបភាពបានយ៉ាងច្បាស់ល្អ និងមានពន្លឺ Flash ជំនួយដ៏ភ្លឺច្បាស់អាចផ្ដិតយករូបភាព បានមិនថាទីដែលមានពន្លឺមិនគ្រប់គ្រាន់ ឬទីងងឹតឡើយ។ មិនតែប៉ុណ្ណោះ វាក៏មានមុខងារ និង Effect ផ្សេងៗទៀត សម្រាប់ឱ្យលោកអ្នកធ្វើការ​ថតរូបភាពផងដែរ ដូចជា Smile Object សម្រាប់ឱ្យលោកអ្នក កំណត់ពេលថតយករូបភាព នៅពេលអ្នកដែលយើងត្រូវថតនោះសើច និង Paromana អនុញ្ញាតិឱ្យ​លោកអ្នកធ្វើច្រើនប៉ុសិ៍្ត ដែលថតពីលើចុះក្រោម ហើយវានឹងភ្ជាប់រូបភាពដែលលោកអ្នកបានថត ច្រើននោះ ទៅជារូបភាពតែមួយប៉ុសិ៍្តបាន។ 

សមត្ថភាពក្នុងការបញ្ជូនទិន្នន័យ
កាន់តែងាយស្រួល និងរហ័សទាន់ចិត្តជាមួយការបញ្ជូនទិន្នន័យតាមរយៈប្រព័ន្ធ Bluetooth v4 និង Wi-Fi Direct ដែលក្នុងជម្រើស ពីរនេះ លោកអ្នកអាចជ្រើសរើសមួយណាក៏បាន។ ចំពោះប្រព័ន្ធ​ Wi-Fi Direct គឺជាប្រព័ន្ធបច្ចេកវិជ្ជាថ្មីមួយ ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការចែក រំលែករាល់ឯកសារផ្សេងៗទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ ដែលបានប្រើប្រាស់ឧបករណ៍មានបំពាក់ប្រព័ន្ធ Wi-Fi Direct នេះដូចគ្នា ដោយមិនចាំបាច់ប្រើប្រាស់ Wireless access point ឡើយ ។ លើសពីនេះ វាក៏មានម្រិតល្បឿនបញ្ជូនទិន្នន័យលឿនរហ័ស ដែលអាចបញ្ជូន ទិន្នន័យ 250 Megabits ក្នុង 1 វិនាទី ហើយអាចប្រើប្រាស់ក្នុងកម្រិតចម្ងាយ 200 ម៉ែត្រឯណោះ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចប្រើប្រាស់ ប្រព័ន្ធនេះ ដើម្បីធ្វើការព្រីនឯកសារជាមួយ ម៉ាស៊ីនព្រីនដែលមានបំពាក់ប្រព័ន្ធនេះបានផងដែរ។

ការភ្ជាប់ទៅកាន់អ៊ិនធើណែត
ដោយសារទូរស័ព្ទ Smartphone ម៉ូដែលថ្មីនេះ បានដំណើរការជាមួយប្រព័ន្ធប្រតិបត្ដិការ Android v4.1 Jelly Bean បានធ្វើឱ្យការ ប្រើប្រាស់អ៊ិនធើណែតមានល្បឿនលឿនរហ័ស និងគាំទ្រជាមួយនឹង HTML5 ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានបន្ថែមនូវកម្មវិធីអ៊ិនធើណែត (Web Browser) Google Chrome មករួចជាស្រេចនៅក្នុងទូរស័ព្ទ សម្រាប់ឱ្យលោកអ្នកធ្វើការធ្វើស្វែងរក និងបើកមើលនូវវ៉ិបសាយផ្សេងៗទៀតបាន យ៉ាងងាយស្រួល និងលឿនរហ័សទាន់ចិត្ត។

ថាមពលថ្ម
ចំពោះថាមពលថ្ម គឺត្រូវបានប្រើប្រាស់ជាមួយនឹង​ថាមពល Li-Ion 1500 mAh ដែលជាប្រភេទថ្មធន់ក្នុងការប្រើប្រាស់ និងអាចប្រើប្រាស់ បានរយៈពេលយូរ។ ជាមួយគ្នានេះដែរ ប្រសិនបើលោកអ្នកទុកចោលមិនបានប្រើប្រាស់ វាអាចប្រើបានដល់ រហូតដល់ 18 ថ្ងៃកន្លះឯណោះ សម្រាប់ប្រព័ន្ធ 2G និង 17 ថ្ងៃកន្លះ សម្រាប់ប្រព័ន្ធ 3G ។ ដោយឡែក ប្រសិនបើលោកអ្នក ប្រើប្រាស់ក្នុងការនិយាយ ឬចាក់តន្រ្ដី វាអាចប្រើបាន ដល់ជាងកន្លះថ្ងៃ ចំពោះប្រព័ន្ធ 2G និង 7 ម៉ោង 10 នាទី ចំពោះការប្រើប្រាស់ប្រព័ន្ធ​ 3G។
ល្អប្រសើរសម្រាប់
> ការកម្សាន្ដៈ ដំណើរការប្រព័ន្ធប្រតិបត្តិ Android v4.1 Jelly Bean អាចប្រើប្រាស់បានគ្រប់កម្មវិធីថ្មីៗ និងហ្គេមកម្សាន្ដទំនើបៗ ជាច្រើន។
> ការបញ្ជូនទិន្នន័យៈ មានបំពាក់នូវប្រព័ន្ធ Bluetooth v4.0 និង Wi-Fi Direct ដែលជាភាពងាយស្រួលក្នុងការបញ្ជូនទិន្នន័យ និងអាចព្រីនឯកសារបាន ដោយមិនចាំ បាច់ប្រើប្រាស់ឌុយ USB។
> ការទុកដាក់ៈ មានរាងតូចច្រឡឹងស្អាត ងាយស្រួលក្នុងការទុកដាក់ និងអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។
> ថាមពលថ្មៈ ប្រើប្រាស់ជាមួយប្រភេទថាមពលថ្ម Li-Ion 1500 mAh ធន់ក្នុងការប្រើប្រាស់ និងមានរយៈពេលប្រើប្រាស់យូរសម្រាប់ការ​និយាយ​ និងចាក់តន្ត្រីជាដើម។

លក្ខណសម្បត្តិសំខាន់ៗ
ប្រព័ន្ធប្រតិបត្តិការៈ Android OS, v4.1 (Jelly Bean)
ប្រព័ន្ធៈ 2G (GSM 850 / 900 / 1800 / 1900)
3G (HSDPA 900 / 1900 / 2100)
Wi-Fi 802.11 a/b/g/n, DLNA, Wi-Fi Direct, Wi-Fi hotspot, Bluetooth v4.0 with A2DP, LE, EDR
ប្រភេទអេក្រង់ៈ Super AMOLED capacitive touchscreen, 16M colors
ទំហំអេក្រង់ៈ 4 អ៊ីង (480 x 800 ភិចសែល)
CPU: Dual-core 1 GHz
ស៊ីមកាតៈ Mini ស៊ីមកាត
Memory ខាងក្នុងៈ 8/16 GB និង 1 GB (RAM)
Memory ខាងក្រៅៈ 32 GB
វិទ្យុៈ មាន Stereo FM (RDS)
Browser: គាំទ្រ HTML5
ទំហំៈ 121.6 x 63 x 9.9 មីលីម៉ែត្រ
ទម្ងន់ៈ 111.5 ក្រាម
កាមេរ៉ាក្រោយៈ 5 មេហ្គាភិចសែល LCD Flash, Auto-focus 2592 x 1944 ភិចសែល
ឧបករណ៍វាស់ស្ទង់ៈ Accelerometer, gyro, proximity, compass
ប្រភេទថ្មៈ Li-Ion 1500 mAh
រយៈពេលទុកចោលៈ អាចដល់ 450 ម៉ោង (2G) និង 430 ម៉ោង (3G)
រយៈពេលនិយាយៈ អាចដល់ 14 ម៉ោង 10 នាទី (2G) និង 7 ម៉ោង 10 នាទី (3G)

Thursday, November 15, 2012

Sony Xperia SL ធ្វើឲ្យជីវិតឆ្ពោះទៅរកភាពទាន់សម័យ និងភាពឆ្លាតវៃ

ការរចនា និងអេក្រង់ 
Sony Xperia SL ត្រូវបានរចនាឡើងជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាត ព្រមទាំងមានពណ៌ខុសៗគ្នាស្រស់ឆើតឆាយ សម្រាប់ឲ្យជ្រើសរើស ដែលមានដូចជា ពណ៌ស ខ្មៅ ប្រផះ និងស៊ីជម្ពូ។ ។ បន្ថែមពីនេះ វាក៏មានកញ្ជក់អេក្រង់ភ្លឺរលើបរលោង ទំហំ 4.3 អ៊ីង ដែលផលិតឡើងពីសារជាតិ​ម្យ៉ាងអាចជួយការពារពីការកោសឆ្កូតបានមួយកម្រិត និងមានភាពងាយស្រួលក្នុងការប៉ះទៀតផង។ ចំណែកនៅផ្នែកខាងលើនៃ អេក្រង់ មានបំពាក់​កាមេរ៉ាមុខទំហំ 1.3 មេហ្គាភិចសែល ហើយអាចថតវីដេអូទំហំ 720p​ និងនៅចំពីលើ​ទូរស័ព្ទ មានបំពាក់រន្ធកាសស្ដាប់ត្រចៀក រួមនឹងប៊ូងតុង Power/lock ក្បែរនោះផងដែរ។ រីឯនៅផ្នែកខាងក្រោមនៃអេក្រង់វិញ គឺមានសញ្ញារបស់ប៊ូតុងសំខាន់ 3 គឺ Back, Home និង Menu ដែលបាន​រចនានៅលើជ័រថ្លាម្យ៉ាងដែលអាចមើលឆ្លុះពីម្ខាងទៅម្ខាងបាន។ នៅគែមសងខាងនៃទូរស័ព្ទ Smartphone ម៉ូដែលថ្មីនេះ មានបំពាក់រន្ធដោតប្រភេទ microUSB និង HDMI ដែលមានគម្របជ័រសម្រាប់​ការពារធូលី និងសំណើម ហើយនៅមានប៊ូតុងសំឡេងមួយនៅខាងក្រោមនោះផងដែរ។ ចំណែក​នៅផ្នែកខាងខ្នងវិញ គឺបំពាក់កាមេរ៉ា 12 មេហ្គាភិចសែល អមដោយ Flash មួយនៅខាងក្រោម ហើយនៅខាងក្រោម Flash នោះ គឺជារន្ធបំពងសំឡេង។
ប្រព័ន្ធប្រត្តិបត្តិការ
ទូរស័ព្ទ Smartphone ម៉ូដែលថ្មីនេះ ត្រូវបានដាក់ឲ្យដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android v4.0.4 ICS បូករួមទាំង CPU ប្រភេទ Dual-Core ល្បឿន 1.7 GHz បានធ្វើឲ្យសមត្ថភាពរបស់វាកាន់តែអស្ចារ្យខ្លាំងឡើង ដោយវាអាចប្រើប្រាស់ជាមួយកម្មវិធីថ្មីៗ ទំនើបៗ និងហ្គេមផ្សេងៗជាច្រើនទៀតបានយ៉ាងងាយស្រួល មិនចាញ់ពពួក Smartphone ដទៃឡើយ ហើយបើយោងតាមសមត្ថភាពទាំងនេះ វានឹងទទួលបានការ Update ឡើង Android ជំនាន់ Jelly bean ក្នុងពេលឆាប់ៗនេះជាមិនខាន។ លើសពីនេះ វាមានបន្ថែមនូវកម្មវិធីបណ្ដាញសង្គម Facebook និងកម្មវិធីកម្សាន្ដទំនើបៗ ព្រមទាំងមាន Widget ស្អាតប្លែក ដែលបានភ្ជាប់មករួចជាស្រេចជាមួយនឹងទូរស័ព្ទថ្មីមួយនេះផងដែរ។ ក្រៅពីនេះ វាមាន Memory ខាងក្នុងទំហំ 32 GB ដែលក្នុងនោះ 2 GB ប្រើសម្រាប់ដំឡើងកម្មវិធីផ្សេងៗ និង 25.8 GB ទៀត សម្រាប់ផ្ទុករាល់ឯកសារទូទៅ។
កាមេរ៉ា
រីករាយនឹងការផ្ដិតយករូបភាពកាន់តែភ្លឺច្បាស់ល្អ មិនថាទីភ្លឺ ឬទីងងឹតឡើយ ជាមួយនឹងកាមេរ៉ាទំហំ 12 មេហ្គាភិចសែល រួមទាំង Flash ជំនួយមួយទៀតនោះ វាពិតជាធ្វើឲ្យលោកអ្នកកាន់តែពេញចិត្តនឹងទូរស័ព្ទ Smartphone ដ៏ឆ្លាតវៃមួយនេះ។ ក្រៅពីនេះ វាក៏មានសមត្ថភាព​ដ៏ពិសេសមួយទៀត គឺអាចចុចថតរូបភាពនៅពេលដែលទូរស័ព្ទចាក់សោរដោយមិនចាំបាច់ចុចដោះសោរ (Unlock) ក៏បាន ដោយគ្រាន់តែចុចសង្កត់ ជាប់ទៅលើប៊ូតុងថត ដែលស្ថិតនៅផ្នែកខាងស្ដាំទូរស័ព្ទ នោះលោកអ្នកអាចប្រើកាមេរ៉ានោះបានហើយ។ លើសពីនេះទៀត វាមានមុខងារពិសេសបន្ថែមទៀតដែលលោកអ្នកអាចជ្រើសរើសមុនពេលថតផងដែរក្នុងនោះ៖
SCN Auto : សម្រាប់កំណត់ឲ្យការចាប់យករូបភាពផ្លាស់ប្តូរកម្រិតពន្លឺដោយស្វ័យប្រវត្តិ
Normal : សម្រាប់កំណត់ការចាប់យករូបភាពក្នុងស្ថាភាពពន្លឺធម្មតា
3D Sweep panorama : ប្រើសម្រាប់ថតជាទម្រង់ 3D ដែលអាចរម្កិលបានកម្រិត 240 ដឺក្រេ ដោយការងាកកាមេរ៉ាពីឆ្វេងមកស្ដាំ ហើយចំពោះរូបភាពដែលថតរួច គឺបង្ហាញជាលក្ខណៈ Slide Show។
3D sweep Multi Angle : ប្រើសម្រាប់ថតជាទម្រង់ 3D ដូចខាងលើដែរ ប៉ុន្ដែ រូបភាពដែលបានថតរួចនឹងមានចលនាចុះឡើង​ទៅតាមចលនា​ទូរស័ព្ទរបស់លោកអ្នក។
Sweep panorama : ប្រើសម្រាប់ថតរូបភាពពីលើចុះក្រោមក្នុងប្រវែងវែង ដោយគ្រាន់តែលោកអ្នកថតងាកកាមេរ៉ាពីលើចុះក្រោមប៉ុណ្ណោះ ហើយរូបភាពដែលបានថតរួច គឺមានគុណភាពច្បាស់ល្អទោះបីជាពង្រីក ឬបង្រួមក៏ដោយ។
កម្មវិធីចាក់តន្ត្រី 
 លោកអ្នកនឹងទទួលបាននូវអារ​ម្មណ៍កាន់តែស្រស់ស្រាយ តាមរយៈកម្មវីធីចាក់តន្ត្រីដ៏ពីរោះរណ្ដំ ជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាត ព្រមទាំងមានមុខងារពិសេសផ្សេងៗគ្នា របស់កម្មវិធី WALKMAN ដែលមានភ្ជាប់មកស្រាប់ក្នុងទូរស័ព្ទ Smartphone ម៉ូដែលថ្មីនេះ ហើយវាក៏មានសំឡេងឮខ្លាំង ច្បាស់ល្អជាងទូរស័ព្ទម៉ូដែលមុនៗថែមទៀតផង។ លើសពីនេះ លោកអ្នកក៏អាចធ្វើការកែសម្រួលសាច់ភ្លេង ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន តាមរយៈ កម្មវិធី WALKMAN នេះផងដែរ។

ថាមពលថ្ម
Li-Ion 1750 mAh គឺជាប្រភេទថ្មដែលមានថាមពលប្រើប្រាស់ខ្លាំង និងធន់ក្នុងការប្រើប្រាស់។ ប្រសិនបើលោកអ្នក ជាប់រវល់មិនអាចមាន​ពេលវេលាសាកថ្មទូរស័ព្ទឲ្យបានគ្រប់គ្រាន់នោះ វាក៏អាចជួយសម្រាលបន្ទុកដល់លោកអ្នកបានផងដែរ ដោយគ្រាន់តែសាកថ្មរយៈពេលត្រឹមតែ 10 នាទី ក៏អាចប្រើបានរហូតដល់ 1 ម៉ោងសម្រាប់ការសន្ទនា និងសាកថ្មរយៈពេល 30 នាទី វានឹងទទួលបានថាមពល​ថ្មរហូតដល់ 80% ឯណោះ។ ថ្វីត្បិត រយៈពេលនៃការសាកថ្មលឿនក៏ដោយ ប៉ុន្ដែ ថាមពលនៃការប្រើប្រាស់ គឺខ្លាំងដូចធម្មតា និងមិនមានផលប៉ះពាល់ដល់គុណភាពថ្មនោះឡើយ។
មុខងារ និងកម្មវិធីពិសេសៗ 
Play Station Certified : គឺជាកម្មវិធីដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចូលលេង ឬ Download ហ្គេម ពីក្នុង Xperia Play បានដោយសេរី។
Mobile Bravia Engine : ជួយធ្វើឲ្យពន្លឺ និងរូបភាពកាន់តែច្បាស់ ហើយជួយកាត់បន្ថយស្នាមព្រាលៗលើរូបដែលបានថត ជាពិសេស គឺពេលដែលយកទូរស័ព្ទដោតភ្ជាប់ជាមួយនឹងទូរទស្សន៍ LCD តាមរយៈឌុយ HDMI នោះ ពន្លឺ និងរូបភាពដែលបង្ហាញនៅលើ​អេក្រង់ទូរទស្សន៍ ពិតជាច្បាស់ល្អ ធ្វើឲ្យលោកអ្នកកាន់តែរីករាយនឹងការទស្សនា។
Live Ware Manager : គឺជាកម្មវិធីមួយសម្រាប់ភ្ជាប់ទៅកាន់ App របស់ទូរស័ព្ទ ហើយវានឹងបន្លឺសំឡេងតន្ត្រីដែលមាននៅក្នុងទូរស័ព្ទ ដោយស្វ័យប្រវត្ត ពេលដែលលោកអ្នកដោតកាសស្ដាប់ត្រចៀកចូលនោះ។
appXtra : គឺជាកម្មវិធីបន្ថែមថ្មីមួយ សម្រាប់ឲ្យអ្នកប្រើប្រាស់ចូលទៅទាញយក កម្មវិធីផ្សេងៗនៅលើបណ្តាញអ៊ិនធើណែត ដែលវាស្រដៀងគ្នានឹង App Store អញ្ចឹងដែរ។
Walkman : ជាកម្មវិធីចាក់តន្រ្តីយ៉ាងពីរោះ និងមានផ្ទៃពណ៌ស្រស់ស្អាត រស់វើក ព្រមទាំងមានមុខងារពិសេសផ្សេងៗគ្នា។ ក្នុងនោះ លោកអ្នកក៏អាចធ្វើការកែសម្រួលសាច់ភ្លេង ទៅតាមចំណង់ចំណូលចិត្តផងដែរ។

ស្វែងយល់ស៊ីជម្រៅពីបច្ចេកវិជ្ជា Wi-Fi Direct

លោកអ្នកពិតជាធ្លាប់បានស្គាល់រួចមកហើយពីប្រព័ន្ធច្ចេកវិជ្ជាដែលមាននៅក្នុងទូរស័ព្ទសម្រាប់ធ្វើការបញ្ជូនទិន្នន័យ ដូចជា Bluetooth ឬ NFC ជាដើម។ ប៉ុន្ដែពេលនេះ យើងខ្ញុំសូមណែនាំ នូវប្រព័ន្ធបច្ចេកវិជ្ជាថ្មីមួយទៀត ដែលអាចឱ្យលោកអ្នកធ្វើការបញ្ជូនទិន្នន័យ ទៅកាន់ឧបករណ៍​ដទៃ បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្តថែមទៀតផង។ ម្យ៉ាងទៀត ប្រព័ន្ធថ្មីនេះ មានមុខងារច្រើនយ៉ាង សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់​នាពេលបច្ចុប្បន្នផងដែរ ដោយវាមានបំពាក់ជាមួយឧបករណ៍ផ្សេងៗជាច្រើន និងមានសមត្ថភាពដូចជា អាចប្រើប្រាស់ដើម្បីបោះពុម្ពឯកសារ ផ្ទេរឯកសារ និងអាចចែករំលែករូបភាពលើអេក្រង់ ពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយទៀត បានយ៉ាងងាយផងដែរ។ ដូច្នេះ ដើម្បីឱ្យមិត្តអ្នកអាន​ជ្រាបកាន់តែច្បាស់សូមអនុញ្ញាតឱ្យយើងខ្ញុំ បានបង្ហាញជូនដូចតទៅ៖
តើ Wi-Fi Direct ជាអ្វី?
 Wi-Fi Direct គឺជាប្រព័ន្ធបច្ចេកវិជ្ជាថ្មីមួយត្រូវបានបង្កើតឡើងដោយសហព័ន្ធ Wi-Fi Alliance ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការ ចែករំលែករាល់ឯកសារផ្សេងៗទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់តាមរយៈឧបករណ៍ 2 ឬច្រើនដែលមានបំពាក់ប្រព័ន្ធ Wi-Fi Direct ដោយមិនចាំបាច់ប្រើប្រាស់ Wireless access point (បណ្តាញអ៊ិនធើណែតឥតខ្សែ) ឡើយ។ បន្ថែមពីនេះ វាក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់​ថែមទៀតផង ដោយវាមានមុខងារស្រដៀងគ្នាទៅនឹងប្រព័ន្ធ Bluetooth ដែរ ហើយវាមាន ភ្ជាប់មកស្រាប់ជាមួយនឹងឧបករណ៍មួយចំនួនដូចជាៈ កុំព្យូទ័រ ម៉ាស៊ីន Print ទំនើបៗ ឧបករណ៍ស្ដាប់តន្ត្រី កាមេរ៉ា ទូរទស្សន៍ Tablet និងទូរស័ព្ទ Smartphone មួយចំនួន។
របៀបដំណើរការរបស់ប្រព័ន្ធ Wi-Fi Direct
ចំណុចដ៏សំខាន់របស់ប្រព័ន្ធ Wi-Fi Direct គឺវាបំពាក់នូវប្រព័ន្ធកម្មវិធី Soft AP ដែលវាមាននៅក្នុងឧបករណ៍ទាំងឡាយណាដែលមាន បំពាក់ប្រព័ន្ធ Wi-Fi Direct​ ហើយ Soft AP នេះ បានផ្តល់នូវមធ្យោបាយថ្មីមួយទៀតសម្រាប់ការពារប្រព័ន្ធ Wi-Fi ក្នុងពេលតភ្ជាប់ ឬដំឡើង ដោយវាមានជាប៊ូតុង Push ឬទាមទារឱ្យបញ្ចូលលេខ PIN កូដ នៅរាល់ឧបករណ៍នានាជាមុន មុននឹងអាចភ្ជាប់បញ្ជូនទិន្នន័យបាននោះ។ Soft AP អាចជាប្រព័ន្ធកម្មវិធីធម្មតា ហើយក៏មានលក្ខណៈសាំញ៉ាំមួយផងដែរ សម្រាប់ប្រព័ន្ធ​ Wi-Fi Direct​ ព្រោះវាមានមុខងារប្រើប្រាស់ជាមួយនឹងឧបករណ៍ច្រើនយ៉ាង ដូចជា ប្រើប្រាស់ជាមួយកាមេរ៉ាសម្រាប់ធ្វើការ Upload រូបភាពដែល បានថតហើយទៅកាន់បណ្ដាញអ៊ីនធើណែត និងប្រើប្រាស់ជាមួយទូរស័ព្ទប្រភេទ Smartphone សម្រាប់ចម្លងឯកសារទៅកាន់ទូរស័ព្ទប្រភេទ Smartphone ដទៃ ឬភ្ជាប់ទៅកាន់ទូរទស្សន៍ និងម៉ាស៊ីន Print ជាដើម។ បើយោងតាមសម្ដីរបស់លោក Greg Ennis នាយកគ្រប់គ្រងសហព័ន្ធ Wi-Fi Alliance បានឲ្យដឹងថា ប្រព័ន្ធ Wi-Fi Direct នេះ គឺងាយស្រួលក្នុងការប្រើប្រាស់ និងលឿនរហ័សទាន់ចិត្តផងដែរ ដោយវាអាចធ្វើការ បញ្ជូនទិន្នន័យពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយទៀត ក្នុងកម្រិតល្បឿន 250 Megabits ក្នុង 1 វិនាទី។ លើសពីនេះ វាក៏មានល្បឿនបញ្ជូន ទិន្នន័យរហ័សជាងប្រព័ន្ធ Bluetooth និងអាចធ្វើការបញ្ជូនទិន្នន័យក្នុងរយៈចង្ងាយ 200 ម៉ែត ដែលប្រព័ន្ធ Bluetooth អាចបានត្រឹមតែ 30 ម៉ែត្រ ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់នូវប្រព័ន្ធ Miracast ដែលជាបច្ចេកវិជ្ជាចុងក្រោយរបស់សហព័ន្ធ Wi-Fi Alliance ដែលអាចឱ្យឧបករណ៍ ដែលមានប្រព័ន្ធ Wi-Fi Direct អាចធ្វើការចែករំលែកអេក្រង់ (Share Screen) ទៅកាន់ឧបករណ៍ដទៃទៀតដូចជា អាចធ្វើការចែក រំលែកអេក្រង់ទូរស័ព្ទ Smartphone ទៅកាន់ឧបករណ៍ Tablet ឬទូរទស្សន៍ជាដើម។
គុណសម្បត្តិរបស់ប្រព័ន្ធ Wi-Fi Direct
ប្រសិនបើលោកអ្នកធ្លាប់បានប្រើប្រាស់នូវប្រព័ន្ធមួយនេះ លោកអ្នកប្រាកដជាបានជ្រាបច្បាស់ជាមួយគុណសម្បត្តិរបស់វា។ តួយ៉ាងដូចជា វាមានភាពងាយស្រួលក្នុងការប្រាស់ និងមានកម្រិតល្បឿននៃការបញ្ជូនទិន្នន័យលឿន រហ័សទាន់ចិត្តក្នុងគឺរហូតដល់ 250 Megabits ក្នុង 1 វិនាទី ឯណោះ។ លើសពីនេះ វាអាចដើរតួច្រើនយ៉ាងដែលក្នុងនោះរួមមាន អាចបញ្ជូនទិន្នន័យ អាចបោះពុម្ពឯកសារពីក្នុងទូរស័ព្ទតាមរយៈម៉ាស៊ីន Print ពីចម្ងាយ និងអាចធ្វើការចែករំលែករូបភាពនៅលើអេក្រង់ (Share Screen) បានយ៉ាងងាយស្រួលផងដែរ។ ម្យ៉ាងទៀត លោកអ្នកក៏អាចធ្វើការ បញ្ជូនទិន្នន័យក្នុងកម្រិតចម្ងាយរហូតដល់ 200 ម៉ែត្រផងដែរ។ ដូច្នេះ ទោះបីជាលោកអ្នកស្ថិតនៅឆ្ងាយពីគ្នាបន្តិចក្ដី ក៏អាចធ្វើការបញ្ជូនទិន្នន័យឱ្យគ្នា ទៅវិញទៅមកបានយ៉ាងស្រួល និងរហ័សទាន់ចិត្ត។

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree