Blogroll

Tuesday, October 23, 2012

ស្វែងយល់ពីបច្ចេកវិជ្ជាឧបករណ៍ Wireless Charging

Wireless Charging គឺជាបច្ចេកវិជ្ជាថ្មីមួយ ដែលអាចឲ្យលោកអ្នកធ្វើការសាក ថ្មទូរស័ព្ទតាមរយៈ ឧបករណ៍មានបំពាក់បច្ចេកវិជ្ជា Qi ចំនួន ដោយមិនចាំបាច់ប្រើប្រាស់ឌុយសាកឡើយ។ លើសពីនេះ វាក៏កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ហើយវាក៏ត្រៀមនឹងដាក់ឲ្យចរាចរលើទីផ្សារក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។ បច្ចេកវិជ្ជាថ្មីនេះ អាចដំណើរការជាមួយទូរស័ព្ទ Nokia 2 ម៉ូដែល គឺ Lumia 820 និង Lumia 920 ដែលជាប្រភេទម៉ូដែលថ្មីបំផុតរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Nokia  ដូច្នេះ ដើម្បីជ្រាបច្បាស់ពីដំណើរការ គុណសម្បត្តិ គុណវិបត្តិ និងប្រភេទឧបករណ៌ដែលបំពាក់ បច្ចេកវិជ្ជាថ្មីនេះ ទស្សនាវដ្តី ទូរស័ព្ទ សូមបង្ហាញជូនមិត្តអ្នកអានដូចតទៅ៖
ដំណើរការរបស់ឧបករណ៍ Wireless Charging 
Wireless Charging ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ជាមួយមាត្រដ្ឋាននៃបច្ចេកវិជ្ជា Qi ដែលអាចធ្វើការផ្ទេរចរន្ដចេញពីបន្ទះ Wireless Charging ចូលទៅកាន់ទូរស័ព្ទដៃបាន តាមរយៈឧបករណ៍ដែលបានភ្ជាប់បន្ទះ Wireless Charging ដូចជា ឧបករណ៍បំពងសំឡេងសេរី JBL PowerUp, ខ្នើយសាកថ្ម Fatboy និងកាសស្ដាប់ត្រចៀក Purity Pro Stereo ជាដើម។ល។ រហូតមកទល់បច្ចុប្បន្ន មានក្រុមហ៊ុនប្រមាណជា 100 នៅទូទាំងពិភពលោកបាននឹងកំពុងប្រើប្រាស់បច្ចេកវិជ្ជា Qi នេះ។ ដូច្នេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមលោកអ្នកមើលរូបភាពខាងក្រោម ដែលបង្ហាញពីដំណើរការរបស់ឧបករណ៍ Wireless Charging ដោយ L1 តំណាងភ្នាសព័ទ្ធជុំវិញបន្ទះ Wireless Charging ឬហៅថាអ្នកបញ្ជូនចរន្ដ (Transmitter) និង L2 តំណាងទូរស័ព្ទ Nokia Lumia 820 ឬ Lumia 920 ឬហៅថាអ្នកទទួលចរន្ដ (Receiver) ដែលបានដាក់នៅលើឧបករណ៍ Wireless Charging ហើយបន្ទាប់ពីមានចរន្ដអគ្គិសនីចូលមកនៅក្នុងឧបករណ៍នោះ បន្ទះ Wireless Charging នឹងធ្វើការបំប្លែង ហើយផ្ទេរចរន្ដឲ្យចូលទៅក្នុងទូរស័ព្ទតែម្តង។
គុណសម្បត្តិរបស់ឧបករណ៍ Wireless Charging 
ជាមួយនឹងបច្ចេកវិជ្ជាថ្មីមួយនេះ គឺពិតជាមិនធ្វើឲ្យលោកអ្នកខកចិត្តក្នុងការប្រើប្រាស់ឡើយ ដោយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ គ្រាន់តែដាក់ទូរស័ព្ទដៃទៅប៉ះនឹងឧបករណ៍ណាមួយ​​ដែលមានបំពាក់ Wireless Charging បន្ទាប់មក វានឹងបន្លឺសំឡេងឡើងដោយបញ្ជាក់ថា ទូរស័ព្ទកំពុងតែសាកថ្ម ហើយលោកអ្នកអាចបន្ដធ្វើការបានយ៉ាងងាយស្រួល នឹងពុំមានក្ដីបារម្ភឡើយ។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយគ្រោះថ្នាក់​នៃការឆក់ចរន្តអគ្គីសនី​​ និងមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស ឬសត្វឡើយ។ បន្ថែមពីនេះ ក្រុមហ៊ុន ទូរស័ព្ទចល័ត Nokia ក៏បានចាប់ដៃគូ​ជាមួយបណ្ដាហាងកាហ្វេផ្សេងៗក្នុងសហរដ្ឋអាមេរិច ដើម្បីបំពាក់បច្ចេកវិជ្ចានេះនៅតាមតុកាហ្វេសម្រាប់​បម្រើសេវាកម្មជូនដល់អតិថិជនរបស់​ខ្លួនផងដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុនក៏មានគម្រោងដាក់ដំណើរការវានៅគ្រប់ហាងទូទាំងពិភពលោក គឺមិនមែនត្រឹមតែហាងកាហ្វេនោះទេ។
គុណវិបត្តិរបស់ឧបកណ៍ Wireless Charging
ទទឹមនឹងភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានរូបរាងស្រស់ស្អាត ព្រមទាំងមានមុខងាផ្សេងៗគ្នានោះ វាក៏បានបង្កនូវគុណវិបត្តិមួយចំនួនដល់អ្នកប្រើប្រាស់ផងដែរ។ តួយ៉ាងដូចជា វាអាចមានកម្ដៅក្ដៅតិចៗចំពោះទូរស័ព្ទ និងឧបករណ៍នៅពេលកំពុងសាក ហើយចំណាយពេលវេលាយូរជាងការសាកថ្មដោយប្រើប្រាស់ឌុយសាកធម្មតា។ ម្យ៉ាងទៀត វាក៏មានតម្លៃខ្ពស់ គូរសមផងដែរ ដោយសារតែ វាអាចប្រើប្រាស់បានមុខងារពីរយ៉ាង ដូចជា ឧបករណ៍បំពងសំឡេងសេរី JBL PowerUp​ និងកាសស្ដាប់ត្រចៀក Purity Pro Stereo ដែលអាចប្រើប្រាស់សម្រាប់ស្ដាប់តន្រ្ដី និងអាចសាកថ្មទូរស័ព្ទបានផងដែរ។
ឧបករណ៍ដែលបំពាក់ដោយបច្ចេកវិជ្ជា Wireless Charging
Wireless Charging ត្រូវបានរចនាឡើងយ៉ាងពិសេសសជាមួយរូបរាង និងមានពណ៌ស្រស់ឆើតឆាយ ដែលពិតជាធ្វើឲ្យមានភាពទាក់ទាញ​ពីសំណាកអ្នកប្រើប្រាស់គ្រប់ៗរូប។ មិនតែប៉ុណ្ណោះ វាក៏មានមុខងារប្រើប្រាស់ខុសៗគ្នាផងដែរ ក្នុងនោះមានដូចជា ខ្នើយសាកថ្ម Fatboy ទម្រសម្រាប់បញ្ជូលថ្ម Charging Plate DT 900, Charging Stand DT 910 កាសស្ដាប់ត្រចៀក Purity Pro Stereo និងកាស Bluetooth Luna ព្រមទាំងឧបករណ៍បំពងសំឡេងសេរី JBL PowerUp និង JBL PlayUp Portable ហើយរាល់ឧបករណ៍ទាំងអស់នេះ គឺត្រូវបានផលិតឡើង សម្រាប់តែទូរស័ព្ទ Nokia ម៉ូដែល Lumia 820 និង Lumia 920 តែប៉ុណ្ណោះ។ ដោយឡែក ក្រុមហ៊ុនទូរស័ព្ទធំៗដ៏ទៃទៀត ដូចជា Apple និង Samsung ជាដើមនោះ ក៏បាននឹងកំពុងតែត្រៀមយកបច្ចេកវិជ្ជាថ្មីនេះ បំពាក់លើទូរស័ព្ទម៉ូដែលថ្មីៗរបស់ខ្លួនផងដែរ។

Monday, October 8, 2012

សាកល្បងលេងបាល់បោះឆ្នាំ 2013 ម្ដងមើល!


         NBA គឺជាឈ្មោះរបស់សហព័ន្ធបាល់បោះអន្តរជាតិមួយ​ក្នុងប្រទេសសហរដ្ឋអាមេរិច ដែលមានពាក្យពេញថា National Basketball Association ។ ឥឡូវនេះ លោកអ្នកនឹងបានចូលរួមជាមួយនឹងក្រុមដ៏ល្បីមួយនេះ ដើម្បីធ្វើការប្រកួតដណ្ដើមយកពានរង្វាន់ ជើងឯកប្រចាំឆ្នាំ 2013 ដែលមានការចូលរួមពីក្រុមខ្លាំងៗ​ មកពីបណ្ដាប្រទេសនានាក្នុងទូទាំងពិភពលោក តាមរយៈខ្សែវីដេអូហ្គេម NBA 2K13
 ជាមួយនឹងហ្គេមថ្មីនេះ លោកអ្នកនឹងបានចូលរួមប្រកួត នៅក្នុងទីលានយ៉ាងស្រស់ស្អាត ដែលមានក្រាហ្វិកបែប 3D ច្បាស់ដូចពិតៗ មិនថាសកម្មភាពប្រកួត  ចលនារស់រវើក របស់កីឡាករនីមួយៗ ឬសំឡេងហោកញ្ជ្រៀវរបស់អ្នកគាំទ្រឡើយ ពោលគឺពេលដែលបានលេងហ្គេមនេះហើយ​ លោកអ្នកនឹងមានអារម្មណ៍ថា ដូចស្ថិតក្នុងព្រឹត្តិការណ៍នៃការប្រកួតផ្ទាល់អញ្ចឹងដែរ។ ដូច្នេះ តើលោកអ្នកត្រៀមខ្លួនដើម្បីឈានជើងចូលទៅកាន់ទីលានប្រកួត រួចរាល់ហើយឬនៅ?

Thursday, October 4, 2012

ព្រឹត្តិការណ៍ប្រណាំងរថយន្ដដណ្ដើមពានរង្វាន់វគ្គ II


លោកអ្នកមួយចំនួនពិតជាធ្លាប់បានជួបជាមួយនឹងការប្រណាំងរថយន្ដដណ្ដើមយកពានរង្វាន់កាលពីវគ្គមុន នាពេលកន្លងមករួចមកហើយ។​ ប៉ុន្ដែនៅក្នុងរដូវកាលថ្មីនេះ លោកអ្នកនឹងបានជួបជាមួយនឹងការប្រកួតដណ្ដើមយកពានរង្វាន់វគ្គ II វិញម្ដង ដែលមានទីលានប្រកួតប្លែកៗ ខុសពីវគ្គមុនៗ។ 
វាពិតជាធ្វើឲ្យលោកអ្នកកាន់តែមានភាពរំភើបញាប់ញ័រ ជាមួយនឹងក្រាហ្វិកបែបលក្ខណៈ 3D និងអមជាមួយនឹងសំឡេងតន្រ្ដីយ៉ាងពិរោះ។ ដើម្បីទទួលបាន ជ័យលាភី​ជាម្ចាស់ជើងឯកនៅក្នុងការប្រកួតនេះ លោកអ្នកត្រូវតែឆ្លងកាត់វគ្គប្រកួតរហូតដល់ 13 និងត្រូវធ្វើយ៉ាងណាបង្កើតស្នាដៃក្នុងពេលប្រកួតឲ្យបានច្រើន បំផុត។ ដូច្នេះ បើចង់ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតលើកនេះ តើនៅចាំអីទៀត សូមសាកល្បងឥឡូវនេះ? សូមជូនពរសំណាងល្អទាំងអស់គ្នាណា៕
លក្ខណៈសម្បត្តិរបស់ហ្គេម
ប្រភេទហ្គេម : Sport
ទំហំ : 495 MB (.ipa)​ & 247 MB (.apk)
អាចប្រើប្រាស់ជាមួយ iDevices v4.x ឡើង និងឧបករណ៍ប្រភេទ Android
កម្រិតពិន្ទុ : 4.3/5
អ្នកបោះឆ្នោត : 488

ដំណើរផ្សងព្រេងរបស់ Rayman


Rayman Jungle Run គឺជាហ្គេមថ្មីមួយ ដែលរៀបរាប់ពីដំណើរផ្សងព្រេងចូលទៅក្នុងព្រៃមួយរបស់សត្វទាមួយក្បាលឈ្មោះ Rayman ។ នៅក្នុងហ្គេមថ្មីនេះ តួអង្គ Rayman ត្រូវធ្វើដំណើរចូលទៅក្នុងព្រៃមួយ ដោយគេត្រូវរត់ និងលោតធ្វើយ៉ាងណាប្រមូលរាល់វត្ថុ ដែលមាននៅតាមផ្លូវ ឲ្យកាន់តែច្រើនកាន់តែល្អ និងធ្វើដំណើរឲ្យដល់គោលដៅក្នុងពេលវេលាដ៏ខ្លីបំផុត តាមដែលអាចធ្វើទៅបាន។ 
ជាមួយគ្នានេះដែរ​ វាក៏មានពណ៌ក្រាហ្វិក យ៉ាងស្រស់ស្អាត មើលទៅគួរឲ្យទាក់ទាញ ដែលធ្វើឲ្យអ្នកលេងរឹតពេញចិត្ត និងចង់លេងហ្គេមនេះកាន់តែខ្លាំងឡើង។ លោកអ្នកត្រូវតែបញ្ជេញឲ្យអស់ពីថ្វីដៃ និងភាពរហ័សរហួនដែលខ្លួនមាន ដើម្បីសម្រេចបាននូវជោគជ័យ។ ដូច្នេះ សូមលោកអ្នករីករាយ និងសាកល្បងពីសមត្ថភាពរបស់ខ្លួនតារយៈហ្គេមថ្មីនេះចុះ៕
លក្ខណៈសម្បត្តិរបស់ហ្គេម
ប្រភេទហ្គេម : Action & Adventure
ទំហំ : 46.4 MB (.ipa)​ & 77 MB (.apk)
អាចប្រើប្រាស់ជាមួយ iDevices v4.x ឡើង និងឧបករណ៍ប្រភេទ Android
កម្រិតពិន្ទុ : 4.6/5
អ្នកបោះឆ្នោត : 815


កំពូលមេទ័ពជួយសង្គ្រោះនគរ


Avalon គឺឈ្មោះនគរមួយ ដែលប្រកបដោយសេចក្ដីសុខសន្ដិភាព ស្ថិតក្រោមការគ្រប់គ្រងរបស់អធិរាជ Arthur និងមហេសីព្រះនាម Guinevere ។ 
នៅក្នុងនគរនោះមានមេទ័ពដ៏មានសមត្ថភាពខ្លាំងពូកែមួយរូបឈ្មោះ Lancelot ដែលអធិរាជ Arthur និងមហេសី មានការពេញចិត្តជាខ្លាំង។ មិនយូរប៉ុន្មាន នៅក្នុងនគរនោះបានកើតមានពួកបិសាចចូលមកអុកឡុក ហើយបានសម្លាប់ប្រជាជននៅក្នុងនគរ និងចាប់យកម្ចាស់ក្សត្រី Guinevere យកទៅលាក់ទុក នៅក្នុងកន្លែងដ៏អាថ៏កំបាំងមួយ។ ដូច្នេះ វាគឺជាពេលវេលាមួយសម្រាប់ឲ្យមេទ័ព Lancelot ចេញមុខដើម្បីសង្គ្រោះប្រជាជន និងរំដោះម្ចាស់ក្សត្រី Guinevere ចេញពីកណ្ដាប់ដៃពួកបិសាចដ៏កំណាច។ តើភារះកិច្ចរបស់ Lancelot អាចសម្រេច ឬក៏យ៉ាងណា គឺពឹងលើលោកអ្នកហើយ៕
លក្ខណៈរបស់សម្បត្តិរបស់ហ្គេម
ប្រភេទហ្គេម : Action & Adventure
ទំហំ : 762 MB (.ipa)​
អាចប្រើប្រាស់ជាមួយ iDevices v4.x ឡើង
កម្រិតពិន្ទុ : 4.5/5
អ្នកបោះឆ្នោត : 656

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree