Blogroll

Monday, November 19, 2012

ត្រឡប់មកជាមួយរូបរាងតូចច្រឡឹង និងសមត្ថភាពលើសគេ

ការរចនា និងអេក្រង់ 
ទូរស័ព្ទ Samsung Galaxy S3 mini ត្រូវបានរចនាឡើងជាមួយរូបរាងតូច ស្ដើង និងស្រាលងាយស្រួលក្នុងការកាន់ក្នុងដៃ។ បើយើង ក្រឡេកមើលនៅផ្នែកខាងលើនៃអេក្រង់ គឺមានរន្ធសំឡេងចំកណ្ដាល និងមានកាមេរ៉ាមុខមួយដែលមានឧបករណ៍វាស់ស្ទង់ (Sensor) ឋិតនៅខាង​ឆ្វេង។ រីឯគែមសងខាងវិញ មានបំពាក់ប៊ូតុង 2 ដែលនៅខាងឆ្វេងជាប៊ូតុងសំឡេង និងខាងស្ដាំជាប៊ូតុងបិទ ឬចាក់សោរ (Power/Lock)។ ចំណែកនៅចំពីលើទូរស័ព្ទ មានបំពាក់រន្ធកាសស្ដាប់ត្រចៀកមួយ និងនៅផ្នែកខាងក្រោមវិញមានបំពាក់ រន្ធសាកថ្មដែលអាចប្រើជារន្ធ USB សម្រាប់ចម្លងទិន្នន័យបាន។ ចំពោះផ្នែកខាងក្រោយវិញ មានបំពាក់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល រួមជាមួយពិល Flash ស្ថិតនៅខាងក្រោម នោះផងដែរ។ រីឯអេក្រង់វិញ គឺត្រូវបានរចនាឡើងជាមួយទំហំ 4 អ៊ីង ភ្លឺរលើបរលោង និងងាយស្រួលក្នុងការ Touch ថែមទៀតផង។ បន្ថែមពីនេះ អេក្រង់របស់ទូរស័ព្ទតូចច្រឡឹងនេះ ត្រូវបានបំពាក់បច្ចេកវិជ្ជា Super AMOLED ដែលផ្តល់ពណ៌ និងពន្លឺច្បាស់ល្អ និងអាចប្រើ​បានគ្រប់កាលៈទេសៈ។
ប្រព័ន្ធប្រតិបត្តិការ
ថ្វីបើទូរស័ព្ទម៉ូដែលថ្មីនេះ មានរូបរាងតូចបន្តិចក៏ពិតមែន ប៉ុន្ដែ សមត្ថភាពក្នុងការប្រើប្រាស់របស់វា គឺមិនចាញ់ទូរស័ព្ទ Smartphone ធំៗដទៃទៀតដែរ។ វាត្រូវបានដាក់ឱ្យដំណើរការជាមួយប្រព័ន្ធ ប្រត្តិបត្តិការ Android v4.1 Jelly Bean ដែលជាជំនាន់ ចុងក្រោយបង្អស់របស់ប្រព័ន្ធ​ប្រត្តិបត្តិការ Android រួមជាមួយ CPU ប្រភេទ Dual-Core ល្បឿន 1 GHz​ ដែលធ្វើឱ្យដំណើរការក្នុងការប្រើប្រាស់ មានល្បឿនលឿន និងអាចទ្រទ្រង់រាល់កម្មវិធីទំនើបៗ និងហ្គេមប្រភេទ 3D និង HD ថ្មីៗបានយ៉ាងងាយស្រួល។ ក្រៅពីនេះ វាក៏មាន​​ Memory ខាងក្នុងទំហំ 8 GB ឬ 16 GB និងអាចបន្ថែម Memory ខាងក្រៅបានរហូតដល់ទៅ 32 GB ទៀតផង។
កាមេរ៉ា 
ទោះបីជាទំហំកាមេរ៉ាត្រឹមតែ​ 5 មេហ្គាភិចសែលក៏ដោយ ប៉ុន្ដែ សមត្ថភាពក្នុងការផ្ដិតយករូបភាពគឺមិនចាញ់ពពួកទូរស័ព្ទ Smartphone ដទៃទៀតដែលមានកាមេរ៉ាទំហំធំឡើយ ដោយវាអាចផ្ដិយករូបភាពបានយ៉ាងច្បាស់ល្អ និងមានពន្លឺ Flash ជំនួយដ៏ភ្លឺច្បាស់អាចផ្ដិតយករូបភាព បានមិនថាទីដែលមានពន្លឺមិនគ្រប់គ្រាន់ ឬទីងងឹតឡើយ។ មិនតែប៉ុណ្ណោះ វាក៏មានមុខងារ និង Effect ផ្សេងៗទៀត សម្រាប់ឱ្យលោកអ្នកធ្វើការ​ថតរូបភាពផងដែរ ដូចជា Smile Object សម្រាប់ឱ្យលោកអ្នក កំណត់ពេលថតយករូបភាព នៅពេលអ្នកដែលយើងត្រូវថតនោះសើច និង Paromana អនុញ្ញាតិឱ្យ​លោកអ្នកធ្វើច្រើនប៉ុសិ៍្ត ដែលថតពីលើចុះក្រោម ហើយវានឹងភ្ជាប់រូបភាពដែលលោកអ្នកបានថត ច្រើននោះ ទៅជារូបភាពតែមួយប៉ុសិ៍្តបាន។ 

សមត្ថភាពក្នុងការបញ្ជូនទិន្នន័យ
កាន់តែងាយស្រួល និងរហ័សទាន់ចិត្តជាមួយការបញ្ជូនទិន្នន័យតាមរយៈប្រព័ន្ធ Bluetooth v4 និង Wi-Fi Direct ដែលក្នុងជម្រើស ពីរនេះ លោកអ្នកអាចជ្រើសរើសមួយណាក៏បាន។ ចំពោះប្រព័ន្ធ​ Wi-Fi Direct គឺជាប្រព័ន្ធបច្ចេកវិជ្ជាថ្មីមួយ ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការចែក រំលែករាល់ឯកសារផ្សេងៗទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ ដែលបានប្រើប្រាស់ឧបករណ៍មានបំពាក់ប្រព័ន្ធ Wi-Fi Direct នេះដូចគ្នា ដោយមិនចាំបាច់ប្រើប្រាស់ Wireless access point ឡើយ ។ លើសពីនេះ វាក៏មានម្រិតល្បឿនបញ្ជូនទិន្នន័យលឿនរហ័ស ដែលអាចបញ្ជូន ទិន្នន័យ 250 Megabits ក្នុង 1 វិនាទី ហើយអាចប្រើប្រាស់ក្នុងកម្រិតចម្ងាយ 200 ម៉ែត្រឯណោះ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចប្រើប្រាស់ ប្រព័ន្ធនេះ ដើម្បីធ្វើការព្រីនឯកសារជាមួយ ម៉ាស៊ីនព្រីនដែលមានបំពាក់ប្រព័ន្ធនេះបានផងដែរ។

ការភ្ជាប់ទៅកាន់អ៊ិនធើណែត
ដោយសារទូរស័ព្ទ Smartphone ម៉ូដែលថ្មីនេះ បានដំណើរការជាមួយប្រព័ន្ធប្រតិបត្ដិការ Android v4.1 Jelly Bean បានធ្វើឱ្យការ ប្រើប្រាស់អ៊ិនធើណែតមានល្បឿនលឿនរហ័ស និងគាំទ្រជាមួយនឹង HTML5 ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានបន្ថែមនូវកម្មវិធីអ៊ិនធើណែត (Web Browser) Google Chrome មករួចជាស្រេចនៅក្នុងទូរស័ព្ទ សម្រាប់ឱ្យលោកអ្នកធ្វើការធ្វើស្វែងរក និងបើកមើលនូវវ៉ិបសាយផ្សេងៗទៀតបាន យ៉ាងងាយស្រួល និងលឿនរហ័សទាន់ចិត្ត។

ថាមពលថ្ម
ចំពោះថាមពលថ្ម គឺត្រូវបានប្រើប្រាស់ជាមួយនឹង​ថាមពល Li-Ion 1500 mAh ដែលជាប្រភេទថ្មធន់ក្នុងការប្រើប្រាស់ និងអាចប្រើប្រាស់ បានរយៈពេលយូរ។ ជាមួយគ្នានេះដែរ ប្រសិនបើលោកអ្នកទុកចោលមិនបានប្រើប្រាស់ វាអាចប្រើបានដល់ រហូតដល់ 18 ថ្ងៃកន្លះឯណោះ សម្រាប់ប្រព័ន្ធ 2G និង 17 ថ្ងៃកន្លះ សម្រាប់ប្រព័ន្ធ 3G ។ ដោយឡែក ប្រសិនបើលោកអ្នក ប្រើប្រាស់ក្នុងការនិយាយ ឬចាក់តន្រ្ដី វាអាចប្រើបាន ដល់ជាងកន្លះថ្ងៃ ចំពោះប្រព័ន្ធ 2G និង 7 ម៉ោង 10 នាទី ចំពោះការប្រើប្រាស់ប្រព័ន្ធ​ 3G។
ល្អប្រសើរសម្រាប់
> ការកម្សាន្ដៈ ដំណើរការប្រព័ន្ធប្រតិបត្តិ Android v4.1 Jelly Bean អាចប្រើប្រាស់បានគ្រប់កម្មវិធីថ្មីៗ និងហ្គេមកម្សាន្ដទំនើបៗ ជាច្រើន។
> ការបញ្ជូនទិន្នន័យៈ មានបំពាក់នូវប្រព័ន្ធ Bluetooth v4.0 និង Wi-Fi Direct ដែលជាភាពងាយស្រួលក្នុងការបញ្ជូនទិន្នន័យ និងអាចព្រីនឯកសារបាន ដោយមិនចាំ បាច់ប្រើប្រាស់ឌុយ USB។
> ការទុកដាក់ៈ មានរាងតូចច្រឡឹងស្អាត ងាយស្រួលក្នុងការទុកដាក់ និងអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។
> ថាមពលថ្មៈ ប្រើប្រាស់ជាមួយប្រភេទថាមពលថ្ម Li-Ion 1500 mAh ធន់ក្នុងការប្រើប្រាស់ និងមានរយៈពេលប្រើប្រាស់យូរសម្រាប់ការ​និយាយ​ និងចាក់តន្ត្រីជាដើម។

លក្ខណសម្បត្តិសំខាន់ៗ
ប្រព័ន្ធប្រតិបត្តិការៈ Android OS, v4.1 (Jelly Bean)
ប្រព័ន្ធៈ 2G (GSM 850 / 900 / 1800 / 1900)
3G (HSDPA 900 / 1900 / 2100)
Wi-Fi 802.11 a/b/g/n, DLNA, Wi-Fi Direct, Wi-Fi hotspot, Bluetooth v4.0 with A2DP, LE, EDR
ប្រភេទអេក្រង់ៈ Super AMOLED capacitive touchscreen, 16M colors
ទំហំអេក្រង់ៈ 4 អ៊ីង (480 x 800 ភិចសែល)
CPU: Dual-core 1 GHz
ស៊ីមកាតៈ Mini ស៊ីមកាត
Memory ខាងក្នុងៈ 8/16 GB និង 1 GB (RAM)
Memory ខាងក្រៅៈ 32 GB
វិទ្យុៈ មាន Stereo FM (RDS)
Browser: គាំទ្រ HTML5
ទំហំៈ 121.6 x 63 x 9.9 មីលីម៉ែត្រ
ទម្ងន់ៈ 111.5 ក្រាម
កាមេរ៉ាក្រោយៈ 5 មេហ្គាភិចសែល LCD Flash, Auto-focus 2592 x 1944 ភិចសែល
ឧបករណ៍វាស់ស្ទង់ៈ Accelerometer, gyro, proximity, compass
ប្រភេទថ្មៈ Li-Ion 1500 mAh
រយៈពេលទុកចោលៈ អាចដល់ 450 ម៉ោង (2G) និង 430 ម៉ោង (3G)
រយៈពេលនិយាយៈ អាចដល់ 14 ម៉ោង 10 នាទី (2G) និង 7 ម៉ោង 10 នាទី (3G)

No comments:

Post a Comment

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree